កម្ពុជា​រៀបចំ​ពិធី​រំលឹក​គុណ​អង្គរ​១​០​ថ្ងៃ​ ​ដើម្បី​អបអរ​ខួប​ដាក់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

កម្ពុជា​បាន​រៀបចំ​ពិធី​រំលឹក​គុណ​អង្គរ​រយៈពេល​១​០​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​៧​ ​ដល់​ថ្ងៃ​ទី​១​៦​ ​ខែ​ធ្នូ​ ​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ ​ដើម្បី​រំលឹក​គុណ​ព្រះមហាក្សត្រ​និង​បុព្វការី​ជន​ដែល​កសាង​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ ​និង​ដើម្បី​អប​អរសាទរ​ខួប​៣​១​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ​។​

 

 

 

 

 

​ពិធី​រំលឹក​គុណ​អង្គរ​បាន​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ក្រោមអធិបតីភាព​លោកស្រី​ ពេ​ជ​ ​ចន្ទ​មុន្នី ​ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត ​ព្រមទាំង​លោកស្រី​ ​ម៉ែន​ ​សំ​អន​ ​សមាជិក​ឧត្តមក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ​ ​និង​លោកស្រី​ ភឿ​ង​ ​សកុណា​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​រួម​ជាមួយ​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

លោក​ ​ឡុង​ ​កុសល​ ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​លើកឡើង​ថា​ ​នេះ​ជា​ឆ្នាំ​ទី​៣​ហើយ​ ​ដែល​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​។​ ព្រឹត្ត​ការណ៍​នេះ​មាន​ប្រារព្ធ​ពិធី​បែប​សាសនា​ ​ស្ដង់​ពិ​ព័រ​ណ៌ ​និង​ការ​សម្ដែង​សិល្បៈ​បុរាណ​នៅ​ពេល​រាត្រី​សម្រាប់​សាធារណៈ​ទស្សនា​និង​សិក្សា​ស្វែងយល់​ដោយសេរី​។​

​លោក​បញ្ជាក់​ថា​ ​នៅ​ថ្ងៃ​បន្តបន្ទាប់​មាន​កម្មវិធី​ទស្សនីយភាព​ជាច្រើន​ ​ដូចជា​ការ​តាំង​ពិ​ព័រ​ណ៌​បង្ហាញ​សមិទ្ធផល​ការងារ​រយៈពេល​៣​១​ឆ្នាំ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​ស្នាដៃ​សិល្បៈ​ជាច្រើន​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូ​ណេស្កូ ​និង​ក្បួន​ព្យុះ​ហ​យាត្រា​របស់​សិស្សានុសិស្ស​ចំនួនជាង​ ​១​ ​២​៥​០​នាក់​ក្រោម​ពាក្យស្លោក​អរគុណ​អង្គរ​និង​អរគុណ​សន្តិភាព​។​ ​បន្ថែម​លើស​ពី​នេះ​ ​គឺ​មានការ​សម្តែង​សិល្បៈ​ល្ខោន​យីកេ​និង​ការ​សម្តែង​សិល្បៈ​ល្ខោន​ស្រមោល​ស្បែក​ធំ​ជាដើម​។​

​លោក​បន្ត​ថា​៖​ ​«​រាល់​កម្មវិធី​សាសនា​និង​សិល្បៈ​ទស្សនីយភាព​ទាំងអស់​នឹង​បើក​ជា​សាធារណៈ​ចូល​ទស្សនា​ដោយ​ពុំ​មាន​បង់​ប្រាក់​នោះ​ទេ​»​។​

​លោក​អំពាវនាវ​ដល់​សាធារណជន​ជាតិ​អន្តរជាតិ​មក​ចូលរួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ​។​

​លោក​ ​ស៊ុំ​ ​ម៉ាប់​ ​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​បាន​បញ្ជាក់​ថា​ ​ព្រឹត្តិការណ៍​នេះ​ ​រៀបចំ​ឡើង​ក្នុង​គោលបំណង​រំលឹក​គុណ​អង្គ​ព្រះមហាក្សត្រ​គ្រប់​ព្រះអង្គ​និង​បុព្វការី​ជន​ដែល​បាន​កសាង​និង​ថែរក្សា​ប្រាសាទ​ទាំងអស់​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​ ​ដោយ​បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ជាតិ​មាតុភូមិ​តាំងពី​ដើម​រហូតដល់​សព្វថ្ងៃ​។​

​លោក​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា​ ​គោលបំណង​មួយ​ទៀត​ ​គឺ​ដើម្បី​អប​អរសាទរ​ខួប​៣​១​ឆ្នាំ​នៃ​ការ​ចុះបញ្ជី​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ ​ក៏ដូចជា​ការ​លើក​ក​ម្ពស់​អត្តសញ្ញាណ​ជាតិ​ ​ក៏ដូចជា​កា​រដាក់​តាំង​បង្ហាញ​ពី​ការងារ​និង​សមិទ្ធផល​ក្នុងរយៈពេល​៣​១​ឆ្នាំ​នៃ​ការងារ​ទូទៅ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​សម្រេច​បាន​ក្នុង​បំណង​កិច្ចការ​អភិ​រក្ស​ប្រាសាទ​ដែល​ជា​មរតក​ដ៏​សំខាន់​សម្រាប់​ប្រជាជាតិ​កម្ពុជា​។​

 

 

​លោក​និយាយ​ថា​ ​រាល់​ការរៀបចំ​គ្រប់​ព្រឹត្តិការណ៍​ទាំង​អស់​សុទ្ធតែ​ទាក់​ទាញចិត្ត​ចាប់អារម្មណ៍​មនុស្ស​ដែល​ធ្វើ​ឱ្យ​មាន​ការចូលរួម​ច្រើន​។​ ​ដូច្នេះ​កម្មវិធី​ទាំងនេះ​សុទ្ធតែ​ជា​ការចូលរួម​ចំណែក​ជំរុញ​ទេសចរ​ជាតិ​អន្តរជាតិ​។​
​លោក​បាន​លើកឡើង​ថា​៖​ ​«​គំនិត​ជា​ចម្បង​របស់​យើង​ ​គឺ​ការ​រំលឹក​គុណ​របស់​ដូនតា​បុព្វបុរស​យើង​ដែល​បង្ហាញ​ពី​ការ​ខិតខំ​អភិ​រក្ស​ ​និង​ការ​អប​អរសាទរ​ខួប​នៃ​ការ​ចុះបញ្ជី​រមណីយដ្ឋាន​អង្គរ​ជា​បេតិកភណ្ឌ​ពិភពលោក​ដើម្បី​រំលឹក​ដល់​ប្រជាជន​ទាំងអស់​អំពី​សារសំខាន់​របស់​បេតិកភណ្ឌ​ ​ហើយ​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​កិច្ចការពារ​បេតិកភណ្ឌ​»​៕​

Leave a Reply

Your email address will not be published. Required fields are marked *